គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

គីណាល់ និងព្រះបាទនរោត្តម សីហនុ: ទំនាក់ទំនងមិនចេះសាបសូន្យ

កាលបរិច្ឆេទ: ០៣ តុលា ២០២២

ថ្ងៃទី៣១ តុលា ឆ្នាំ២០២២ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនឹងមានព្រះជន្ម១០០ព្រះវស្សា។ ព្រះអង្គជាព្រះរាជបិតាឯករាជ្យជាតិ ព្រោះព្រះអង្គបានដណ្តើមយកឯករាជ្យពីអាណានិគមបារាំងដោយអហិង្សាកាលពីឆ្នាំ១៩៥៣។ ផ្នែកនយោបាយ ព្រះអង្គមានព្រះបញ្ញាញាណវាងវៃដែលត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិនៅសតវត្សរ៍ទី២០ ដោយហេតុថាព្រះអង្គបានរក្សាជំហរនយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ ហើយព្រះអង្គក៏ជាសមាជិកស្ថាបនិកចលនាហ្រ្វង់កូហ្វូនីផងដែរ។ អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ បានឡើងគ្រងរាជ្យលើកដំបូងនៅឆ្នាំ១៩៤១ ក្រោមអាណានិគមបារាំង។ ក្រោយមក ព្រះអង្គក៏បានឡើងសោយរាជ្យជាលើកទីពីរនៅឆ្នាំ១៩៩៣ និងបានដាក់រាជ្យនៅឆ្នាំ២០០៤ ដើម្បីផ្តល់ឱកាសឲ្យព្រះរាជបុត្រារបស់ព្រះអង្គគឺព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ឡើងគ្រងរាជ្យវិញ។

ព្រះបាទនរោត្តម សីហនុ តែងតែមានព្រះទ័យទុកដាក់ខិតខំថែរក្សា និងពង្រឹងបូរណភាពទឹកដី និងឯករាជ្យជាតិ ទាំងនៅលើឆាកនយោបាយ និងផ្នែកសេដ្ឋកិច្ច។

ដូច្នេះហើយទើបនៅឆ្នាំ១៩៦០ ក្នុងនាមជាអ្នកដឹកនាំប្រទេសនៅសម័យសង្គមរាស្ត្រនិយម ព្រះអង្គបានជំរុញឲ្យមានការអភិវឌ្ឍន៍ផ្នែកប្រព័ន្ធសុខាភិបាលជាតិ តាមរយៈការបង្កើតឲ្យមានការបណ្តុះបណ្តាលគ្រូពេទ្យ និងឱសថការីនៅថ្នាក់ឧត្តមសិក្សា និងបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅទូទាំងប្រទេស។

ស្ថិតក្នុងបរិបថនេះ និងដើម្បីចូលរួមចំណែកចលនាឯករាជ្យភាពលើវិស័យសុខាភិបាល លោកឱសថបណ្ឌិត កុក សុខគីម ក៏បានបង្កើតថ្នាំបំបាត់ការឈឺចាប់គីណាល់ដែលជាឱសថ«ទំនើប»ដំបូងគេបង្អស់នៅកម្ពុជាដែលរកឃើញ និងផលិតដោយជនជាតិខ្មែរ។ ក្រោយរបបខ្មែរក្រហមត្រូវដួលរលំ និងក្រោយសង្រ្គាមរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំដែលបានបំផ្លិចបំផ្លាញប្រទេសជាតិ និងប្រជាជនខ្មែរស្ទើរតែផុតពូជនោះ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង មានបំណងចង់ស្តារវិស័យឧស្សាហកម្មឱសថនៅកម្ពុជាឡើងវិញ ដោយបានបង្កើតសហគ្រាសផលិតឱសថប៉េប៉េអឹមនៅឆ្នាំ១៩៩៦ និងបានជ្រើសរើសផលិតថ្នាំគីណាល់ឡើងវិញដែលជាផលិតផលនិមិត្តរូប។

ដំបូងឡើយ នៅលើទីផ្សារក្នុងស្រុក ថ្នាំគីណាល់ពិបាកប្រកួតប្រជែងជាមួយថ្នាំនាំចូលណាស់ និងដោយហេតុថានៅសម័យនោះ ប្រជាជនខ្មែរខ្លួនឯងមិនឲ្យតម្លៃលើផលិតផលក្នុងស្រុកឡើយ ព្រោះយល់ថាគ្មានគុណភាព។

ប៉ុន្តែ ការជួយជ្រោមជ្រែងពីសំណាក់ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលកាលណោះព្រះអង្គជាព្រះមហាក្សត្រខ្មែរ​ បានធ្វើឲ្យស្ថានភាពផ្លាស់ប្តូរ។

ឈ្មោះថ្នាំគីណាល់ធ្វើឲ្យព្រះអង្គមានព្រះទ័យនឹកទៅដល់សម័យកាលដ៏រុងរឿងនៃរបបសង្គមរាស្ត្រនិយម។ ដូច្នេះព្រះអង្គមានព្រះទ័យសប្បាយរីករាយនឹងទទួលអំណោយថ្នាំគីណាល់ពីសំណាក់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងសហការីនៃសហគ្រាសផលិតឱសថប៉េប៉េអឹម ដើម្បីទុកបំពេញព្រះរាជកិច្ចនៅក្នុងកិច្ចការសង្គម។

ការចុះផ្សាយតាមបណ្តាញសារព័ត៌មានយ៉ាងទូលំទូលាយពីការផ្តល់អំណោយនេះ និងការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍គ្រប់ប៉ុស្តិ៍នូវរូបភាពព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ ទទួលកញ្ចប់អំណោយថ្នាំគីណាល់ដ៏ធំ ជាមួយនឹងស្នាមញញឹម ធ្វើឲ្យអត្រានៃការលក់ថ្នាំគីណាល់ស្ទុះឡើង។ បច្ចុប្បន្ន ឱសថនេះក្លាយជាផលិតផលមួយក្នុងចំណោមផលិតផលឈានមុខគេរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម។

គីណាល់មិនត្រឹមតែជាឱសថព្យាបាលរោគប៉ុណ្ណោះទេ តែសម្រាប់សហគ្រាសផលិតឱសថប៉េប៉េអឹម វាក៏ជានិមិត្តរូបនៃការចូលរួមចំណែកលើកកម្ពស់ឯករាជ្យភាពផ្នែកសុខាភិបាលនៅកម្ពុជាផងដែរ។ ដូច្នេះ សហគ្រាសផលិតឱសថប៉េប៉េអឹមពិតជាមានមោទកភាពដែលបានដើរតាមគន្លងរបស់ព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ និងបានចូលរួមចំណែកអភិវឌ្ឍវិស័យឧស្សាហកម្មឱសថ តាមរយៈការផលិតឱសថដែលមានគុណភាពជាមួយនឹងតម្លៃសមរម្យដែលអាចឲ្យមនុស្សភាគច្រើនលើសលប់មិនថានៅស្រុកខ្មែរ ឬនៅបរទេសមានលទ្ធភាពអាចទិញបាន។ ខួប១០០ឆ្នាំនៃការប្រសូត្ររបស់ព្រះបាទនរោត្តម សីហនុ គឺជាឱកាសដ៏ល្អមួយសម្រាប់សហគ្រាសផលិតឱសថប៉េប៉េអឹមក្នុងការចូលរួមជាមួយប្រជារាស្ត្រខ្មែរដើម្បីសម្តែងការគោរពដឹងគុណជាថ្មីម្តងទៀតចំពោះព្រះអង្គដែលបានបំពេញព្រះរាជកិច្ចដណ្តើមឯករាជ្យជាតិ និងបានពង្រឹងបូរណភាពទឹកដីខ្មែរ៕